អគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរការអនុស្ថានីយថ្មី តង់ស្យុង ១១៥គីឡូវ៉ុល នៅក្រុងសំពៅពូន ខេត្តកណ្តាល និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ទៅអនុស្ថានីយអគ្គិសនីសំពៅពូន។ដែលអនុស្ថានីយថ្មីនេះ ចំណាយថវិកាអស់ប្រមាណ១៥លានដុល្លារអាមេរិក។
អគ្គិសនីកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុង ខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ និងអនុស្ថានីយសំពៅពូន តង់ស្យុង ១១៥គីឡូវ៉ុល អានុភាពផ្គត់ផ្គង់ ៧៥ មេហ្គាវ៉ុលអំពែរ ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
បើតាមអគ្គិសនីកម្ពុជា អនុស្ថានីយអគ្គិសនីថ្មីនេះ មិនត្រឹមតែផ្តល់ឱ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភពខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ វាជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មីស្រឡាងដែលជាប្រភពផ្គត់ផ្គង់ថ្មី ដល់ក្រុងសំពៅពូន និងស្រុកកោះធំ ខេត្តកណ្តាល ដែលកន្លងមកតំបន់នេះ ត្រូវបានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ដែលមានចម្ងាយជាង ៥០ គីឡូម៉ែត្រ និងបង្កឱ្យមានការរអាក់រអួលជារឿយៗ។
បន្ថែមពីនេះ អនុស្ថានីយ និងខ្សែបញ្ជូន ១១៥ គីឡូវ៉ុលនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម នៅក្រុងសំពៅពូន ស្រុកកោះធំ និងតំបន់ភាគខាងត្បូងតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ព្រមទាំងចូលរួមចំណែកជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា អនុស្ថានីយ និងខ្សែបញ្ជូន ១១៥ គីឡូវ៉ុលនេះ ចំណាយថវិកាសរុបប្រមាណ ១៥ លានដុល្លារអាមេរិក (ក្នុងនោះ ថវិកាជាង ១០ លានដុល្លារអាមេរិក សម្រាប់ខ្សែបញ្ជូនក្នុងគម្រោងឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាជិត ៥ លានដុល្លារអាមេរិក ក្នុងគម្រោងជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីយូរអង្វែង ដោយប្រើប្រាស់ថវិកាឥណទានរបស់រាជរដ្ឋាភិបាល)៕