ខេត្តកំពង់ស្ពឺ នឹងទទួលបាននូវទុនវិនិយោគប្រមាណ ២,០០០លានដុល្លារ ក្នុងដើមឆ្នាំ ២០២៥ ចូលមកកាន់ខេត្តកំពង់ស្ពឺ តាមរយៈសម្ព័ន្ធអ្នកវិនិយោគសារធារណៈរដ្ឋប្រជាមានិតចិន។
នេះបើតាមរយៈទស្សនកិច្ចរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងគណៈប្រតិភូ នៅក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ប្រទេសចិននៅតែជាប្រទេសដែលមានទុនវិនិយោគច្រើននៅកម្ពុជា។គិតត្រឹមរយៈពេល១១ខែ ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបប្រមាណ ៣៨៩គម្រោង គិតជាទឹកប្រាក់ជាង ៦,៤ពាន់លានដុល្លារអាមេរិក និងបង្កើតការងារជាង ៣០ម៉ឺនកន្លែង។
ដោយឡែកគិតក្នុងខែវិច្ឆិកា ការវិនិយោគមកពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី ១ រួមចំណែក ៥១% នៃទុនវិនិយោគសរុប ៩៤០លានដុល្លារអាម៉េរិក ចំណែកប្រទេសចិន មានទុនវិនិយោគប្រមាណ ២៤% ខណៈការវិនិយោគក្នុងស្រុកឈរលេខរៀងទី២ គ្របដណ្តប់ ១៤% នៃទុនវិនិយោគសរុប។

គួរបញ្ជាក់ថា គម្រោងវិនិយោគភាគច្រើនមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ និងភ្នំពេញ ហើយគម្រោងវិនិយោគមួយចំនួនទៀត មាននៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុជាដើម។ដោយគម្រោងវិនិយោគទាំងនេះ ភាគច្រើនផ្តោតទៅលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និងទេសចរណ៍ ជាដើម។

បើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជាមានសង្ឃឹមថា នឹងទទួលបានអ្នកវិនិយោគ​កាន់តែច្រើន​បន្ថែមទៀតនៅឆ្នាំ២០២៥ ខាងមុខ ខណៈមានក្រុមហ៊ុនបរទេសមួយចំនួន​ចង់ប្ដូរ​ទី​តាំង​មកកម្ពុជាផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *