ក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%)។
គម្រោងវិនិយោគទាំងនោះ អាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ ៦៩% បើធៀបជាមួយវិស័យផ្សេងៗទៀតដែលទទួលបានគម្រោងវិនិយោគនៅកម្ពុជា។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លាន ដុល្លារអាម៉េរិក ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍ អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២ ១០០ លានដុល្លារអាម៉េរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង៦០% ជាឥណទានសម្បទាន។ គួរជាទីកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%។

សូមបញ្ជាក់ផងដែរថា បើតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៣-២០២៧ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ៨.៩% សម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ខណៈ ឆ្នាំ ២០២៥ ខាងមុខព្យាករថាមានកំណើន ៨,៦% គាំទ្រ ដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវីដ-១៩)៕


Leave a Reply

Your email address will not be published. Required fields are marked *