សៀងហៃ៖ ទីក្រុងសៀងហៃបានចាប់ផ្តើមផែនការអនុញ្ញាតឱ្យមានការបង្កើតមន្ទីរពេទ្យដែលគ្រប់គ្រងដោយជនបរទេសទាំងស្រុងនៅក្នុងទឹកដីខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ តំបន់ជីវឱសថ និងសង្កាត់កណ្តាលទីក្រុងដែលជាកន្លែងរស់នៅរបស់ជនបរទេសជាច្រើន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥។
រដ្ឋធានីពាណិជ្ជកម្មនេះគឺជាទីក្រុងដំបូងគេដែលប្រកាសអំពីការចាប់ផ្តើមផែនការនេះ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបាននិយាយកាលពីខែកញ្ញាថា ខ្លួននឹងអនុញ្ញាតឱ្យមានមន្ទីរពេទ្យគ្រប់គ្រងដោយបរទេសទាំងស្រុងនៅក្នុងទីតាំងចំនួន ៩រួមទាំងទីក្រុងប៉េកាំងផងដែរ។
គោលបំណងគឺដើម្បីទាក់ទាញការវិនិយោគ ធ្វើអោយប្រសើរឡើងនូវបរិយាកាសអាជីវកម្មក្នុងចំណោមវិនិយោគិនបរទេស និងធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក មានសេដ្ឋកិច្ចប្រសើរឡើងវិញមួយកំរិតទៀត។
រដ្ឋាភិបាលក្រុងសៀងហៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថាទីក្រុងសៀងហៃនឹងអនុញ្ញាតឱ្យមន្ទីរពេទ្យគ្រប់គ្រងដោយបរទេសមាននៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗរួមទាំងតំបន់ពិសេស Lingang និងសង្កាត់ពាណិជ្ជកម្ម Hongqiao ។
តាមរយៈគំនិតផ្តួចផ្តើមនេះ ទីក្រុងនេះមានគោលបំណងពង្រីកបន្ថែមការបើកវិស័យថែទាំសុខភាព ពង្រឹងសេវាថែទាំសុខភាព និងកែលម្អបរិយាកាសអាជីវកម្ម។ម្ចាស់អាជីវកម្មនេះ តម្រូវឱ្យបង្ហាញនូវConcept(គំនិត) គំរូ និងស្តង់ដារសេវាកម្មនៃការគ្រប់គ្រង និង ដំណើរការមន្ទីរពេទ្យកម្រិតខ្ពស់ ក៏ដូចជាការផ្តល់នូវបច្ចេកវិទ្យាថ្មីៗ និង ឧបករណ៍វេជ្ជសាស្ត្រដ៏ទំនើបនៅកម្រិតស្តង់ដាអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យបង្កើតមន្ទីរពេទ្យដែលមានឯកទេសលើផ្នែកមួយចំនួន រួមទាំងឱសថបុរាណចិន ឬជំងឺឆ្លងនៅឡើយទេ។
សូមបញ្ជាក់ថាបើតាមរបាយការណ៍របស់ គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយកាលពីខែវិច្ឆិកាថា មន្ទីរពេទ្យដែលគ្រប់គ្រងដោយបរទេសត្រូវតែមានយ៉ាងហោចណាស់ 50% នៃបុគ្គលិកសុខាភិបាល និងបុគ្គលិកបច្ចេកទេសមកពីដីគោកចិន៕