អាមេរិក ៖ មូលនិធិរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅពេលនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដោយមានការរួមចំណែកគួរឱ្យកត់សម្គាល់ចំនួន ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន ដោយមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកធំៗបានផ្ដល់ជូន។
យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា គិតមកដល់ពេលនេះក្រុមហ៊ុន Big Tech អាមេរិកដែលជាបងធំនៅក្នុងពិភពបច្ចេកវិទ្យា មានដូចជា Google, Apple, Microsoft, Meta (Facebook) និង Amazon បាននាំគ្នាបរិច្ចាគ ១លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន ដើម្បីគាំទ្រដល់មូលនិធិរបស់លោក Trump ឱ្យដំណើរការរលូន។
មិនត្រឹមតែក្រុមហ៊ុន Big Tech អាមេរិកប៉ុណ្ណោះទេ សូម្បីតែលោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ដែលជាមេធំរបស់ ChatGPT ក៏បានចូលរួមនៅក្នុងសកម្មភាពមួយនេះផងដែរ។
មូលនិធិរបស់លោក Donald Trump ត្រូវបានគេស្គាល់ជាផ្លូវការថា «Trump-Vance Inaugural Committee, Inc.» គឺជាអង្គភាពមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ព្រឹត្តិការណ៍ជុំវិញការឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត ដោយមិនមានការកំណត់ទៅលើការបរិច្ចាគ និងអនុញ្ញាតឱ្យបុគ្គល និងសាជីវកម្មចូលរួមវិភាគទាននូវចំនួនដ៏ច្រើនដោយគ្មានការរឹតត្បិត។
លោក Donald Trump មានបង្ហាញឱ្យដឹងថា ការរៃអង្គាសប្រាក់នេះ លោករំពឹងថានឹងទទួលបានច្រើនជាង ១៧០លានដុល្លារអាមេរិក ហើយវានឹងបំបែកកំណត់ត្រារហូតដល់ជាង ២០០លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ។ ចំពោះសកម្មភាពនៃការចូលរួមរបស់ក្រុមហ៊ុន Big Tech ត្រូវបានគេមើលឃើញថា វាជាការផ្លាស់ប្ដូរទំនាក់ទំនងដ៏ល្អមួយរវាងក្រុមហ៊ុនបច្ចេកវិទ្យា និងរដ្ឋាភិបាលអាមេរិក ខណៈដែលកន្លងមកហាក់មានភាពមិនសូវរលូននឹងគ្នានោះទេ៕