(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២ នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់បានពិនិត្យ និងផ្ដល់យោបល់លើគម្រោងសកម្មភាព ការងារអាទិភាព និងគំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៤ និងបានពិចារណាលើអនុសាសន៍ និងសំណូមពររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងកិច្ចការសមាហរកម្មសេដ្ឋកិច្ចអាស៊ាន។
នាថ្ងៃដដែរនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា ក៏បានចុះហត្ថលេខាលើពិធីសារទី៥ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងចូលរួមសក្ខីភាពក្នុងពិធីប្រគល់-ទទួលពិធីសារនេះរវាងឯកឧត្តមប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។
ពិធីសារទី៥ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ត្រូវបានរៀបចំតាក់តែងឡើងក្នុងគោលដៅបង្កើតនូវបរិស្ថានវិនិយោគដែលសេរី ងាយស្រួល តម្លាភាព និងប្រកួតប្រជែងនៅក្នុងអាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនដែលផ្តល់នូវអត្ថប្រយោជន៍ដល់វិនិយោគិន និងការវិនិយោគដែលមានមូលដ្ឋាននៅក្នុងអាស៊ាន៕