នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់បងប្អូនមគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយដោយប្រើយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប
ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា លោក លោកស្រី បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មន្ទីរទេស ចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបចំនួន ២៥០រូប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ (មិនថាតែនៅខេត្តសៀមរាប, តែនៅទូទាំងប្រទេស) ដែលតាមរយៈបងប្អូនទាំងអស់បានធ្វើឱ្យពិភពលោក បានស្គាល់ពីកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងទេសចរណ៍មានរយៈពេល ៥ខែ ២ ថ្ងៃ, ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៦ យោង «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍តែងតែបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដើរតួនាទីជាទូតនាំសារដ៏សំខាន់របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក ព្រមទាំងជាអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមផងដែរ។

ក្នុ្ងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា មូលដ្ឋានគ្រឹះសំខាន់នៃការអភិវឌ្ឍវិស័យទេសចរណ៍ គឺកត្តាសុខសន្តិភាពដែលរកបានដោយកម្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យប្រាកដនិយម និងវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានបន្តថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស, ស្ថិរភាពនយោបាយ ត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខ, សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម មានភាពរឹងមាំ, ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្ម (ទាំងក្នុងចំណោមគណបក្សនយោបាយ និងសាសនា)។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ផ្តាំផ្ញើ មួយចំនួនដល់លោក លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ អនុវត្តឱ្យបានត្រឹមត្រូវ តាមក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើសកម្មភាពអាជីវកម្មក្នុងន័យបង្កើនកិត្តិនាមជាតិ និងចូលរួមលើកស្ទួយតម្លៃនៃជាតិសាសន៍ខ្មែរ និងភាពជាខ្មែរ ជាមួយនឹងការផ្តល់ការសម្រួលផ្សេងៗជូនបងប្អូនមគ្គុទ្ទេសក៍ ក្រសួងទេសចរណ៍នឹងបន្តពង្រឹងយន្តការត្រួតពិនិត្យរាល់សកម្មភាព អសកម្មទាំងទ្បាយដែលអនុវត្តប្រាសចាកពីក្រមសីលធម៌ និងក្រមប្រតិបត្តិជាធរមាន ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ចូលរួមជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ពង្រឹងគុណភាពផ្តល់សេវាកម្មរបស់សមាជិកខ្លួន និងលើកទឹកចិត្តឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមិនទាន់ជាសមាជិកនៃសមាគមណាមួយ អាចពិចារណាចូលរួមជាសមាជិកសមាគម ដើម្បីទទួលបានផលប្រយោជន៍ជារួម និងស្នើឱ្យលោក លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ ចូលរួមផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព ពិសេសតាមបណ្តាញសង្គមនានា ដើម្បីបង្កើនកិត្តិនាម និងមុខមាត់របស់កម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ