ប៊ែរឡាំង៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit) ក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ ធានាបាននូវសន្តិភាព៖ ពង្រឹងកំណើន សម្រួចអនាគត (Ministers’ Summit: Enhancing Investment, Ensuring Peace: Harnessing Growth, Shaping the Future)” ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍មកពី ២៤ប្រទេស និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសផ្សេងៗទៀត សរុបប្រមាណ ៥០ប្រទេសផងដែរ។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit) គឺមានគោលបំណងក្នុងការប្រមូលផ្តុំរដ្ឋមន្ត្រីទេសចរណ៍ និងអ្នកបង្កើតគោលនយោបាយ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនៃវិស័យទេសចរណ៍សកលលោកសំខាន់ៗ ស្របតាមនិន្នាការណ៍ទេសចរណ៍ និងសភាពការណ៍ពិភពលោក ដែលផ្ដោតលើប្រធានបទសំខាន់ៗដូចជា ការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងតួនាទីរបស់វិស័យទេសចរណ៍ទេសចរណ៍ក្នុងការលើកកម្ពស់ការកសាងសន្តិភាពសកល និងការដោះស្រាយជម្លោះ ព្រមទាំងរក្សាការវិនិយោគទេសចរណ៍អំឡុងពេលនៃបញ្ហាភូមិសាស្ត្រនយោបាយ និងអស្ថិរភាពសេដ្ឋកិច្ច ពិសេសជំរុញគោលបំណងនៃទិវាទេសចរណ៍ពិភពលោកក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាកាន់តែច្រើនតាមរយៈទេសចរណ៍។