នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើបាឋកថាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជូនលោកឧត្តមសេនីយ៍, វរសេនីយ៍, លោក លោកស្រី សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និង ប្អូនៗជាសិស្ស និងនិស្សិត ទាំងអស់ ក្នុងគោលបំណងឱ្យជ្រាបកាន់តែច្បាស់អំពីមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា សមត្ថកិច្ចក្រសួងទេសចរណ៍, យុទ្ធនាការ និង ព្រឹត្តិការណ៍សំខាន់ៗក្នុងវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កត្តាចំនួន ៤ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនោះរួមមាន៖ ១). កត្តាសុខសន្តិភាព ដែលជាការបន្តថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស, ស្ថិរភាពនយោបាយ, អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានរក្សា ការពារយ៉ាងគត់មត់ ជាពិសេសបើគ្មានសន្តិភាព! សូមកុំនិយាយពីទេសចរណ៍!, ២). កត្តាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ, ៣). ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, អត្រាប្តូរប្រាក់រៀលមានស្ថិរភាព, អត្រាអតិផរណា មានកម្រិតទាប, ៤). កត្តាសាមគ្គីភាពផ្ទៃក្នុង ជាកត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង និងបានដាក់ចេញនូវទិសស្លោកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប៉ិនប្រសប់ដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ និងបានដាក់ចេញនូវទិសស្លោកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀតគឺ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ចេញនូវទិសស្លោកសម្រាប់មហាគ្រួសារវិស័យទេសចរណ៍ទាំងមូលផងដែរគឺ «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។