ភ្នំពេញ៖ គម្រោងបើកឱ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ។
បើយោងតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកឱ្យប្រតិបត្តការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅចុងខែវិច្ឆិកាខាងមុខនេះ ។
ឯកឧត្តមបញ្ជាក់ថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានរៀបចំធ្វើការហោះហើរសាកល្បងរួចហើយ ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) ដើម្បីឈានទៅបើកឱ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។
បន្ថែមពីនេះ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ នេះធ្វើឡើងក្រោមការចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group ។ ហើយអាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត ១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០ភាគរយហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក៕