នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម -សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូប។

កិច្ចប្រជុំខាងលើ ក្នុងគោលបំណងផ្សព្វផ្សាយពី «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួន២៥០-៣០០ស្តង់ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា ស្តង់របស់សមាគម -សហព័ន្ធ និងស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។

ជាមួយគ្នានេះផងដែរ ពិព័រណ៍ខាងលើក៏គ្រោងរៀបចំកម្មវិធី និងព្រឹត្តិការណ៍អមមួយចំនួនដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការតាំងបង្ហាញផលិតផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ