ទីក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអម ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូកម្ពុជាជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Tian Xuejun អនុប្រធានគណៈកម្មាធិការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងសុខាភិបាល និងបានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយ ឯកឧត្តម YOSHII Akira សមាជិកសភាក្រុមប្រឹក្សាជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌការទូតសភា។ ក្រៅពីជំនួបសម្តែងការគួរសមទាំងពីរខាងលើនេះ លោកជំទាវ ខេង សំវ៉ាដា និងឯកឧត្ដមបណ្ឌិត សម តារា ក៏បានចូលរួម ស្តាប់បទអន្តរាគមន៍របស់ប្រទេសជាសមាជិក មហាសន្និបាតលើកទី១៤៩ នៃសហភាពអន្តរសភា ក្រោមប្រធានបទ «ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍ (STI) ដើម្បីអនាគតប្រកបដោយសន្តិភាព និងនិរន្តរភាព» ហើយលើសពីនោះគណៈប្រតិភូក៏បានចូលរួមក្នុងការបោះឆ្នោតលើ បញ្ហាបន្ទាន់ (Emergency Items) ផងដែរ។ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ ”យុទ្ធសាស្ត្រសភាដើម្បីកាត់បន្ថយផលប៉ះពាល់យូរអង្វែងនៃជម្លោះ រួមទាំងជម្លោះប្រដាប់អាវុធ លើការអភិវឌ្ឍប្រកប ដោយចីរភាព”។

នៅក្នុងកិច្ចប្រជុំ​នេះ​ ឯកឧត្តម បានធ្វើបទអន្តរាគមន៍ ដោយបានលើកឡើងពីផលប៉ះពាលជាសកលនៃជម្លោះប្រដាប់អាវុធ និងវាយតម្លៃខ្ពស់ដល់ការដោះស្រាយដោយសន្តិវិធី។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គោមដោយប្រកបសន្តិវិធី និងបានដាក់ចេញនូវ «គោលនយោបាយឈ្នះឈ្នះ» របស់ សម្តេចមហាសេនាបតី តេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍសង្គម និងខឿនសេដ្ឋកិច្ចបានល្អប្រសើរជាលំដាប់ ។ ដូចនេះ មានតែសន្តិភាពទេ ទើបអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពពេញលេញបាន។
ប្រភព៖ APP MoiNFO


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ