ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្ដីពី ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ជំរុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ជំរុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្មកិច្ចប្រជុំប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនេះមានរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី ២៥ខែមីនាឆ្នាំ ២០២៤ តទៅ ហើយក៏មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨ផងដែរ។ ក្នុងនោះក៏មានកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និងផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ «តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទីក»និង «បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អ ទេសចររីករាយ» ផងដែរ។
លោកអភិបាលខេត្តព្រះសីហនុ បានបន្ថែមថា ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម នឹងរៀបចំនៅលើទីលានតេជោ ក្រុងព្រះសីហនុ ដែលទាមទារឱ្យមានការចូលរួមពីផ្នែកឯកជនដែលទាក់ទងនឹងវិស័យទេសចរណ៍ ព្រមជាមួយដៃគូនានា ក្នុងការជំរុញវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ និងបង្ហាញពីសក្តានុពល ព្រមទាំងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេសជំរុញវិនិយោគិន និងធុរជននៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤។ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរ អង្គភាព និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជួយគាំទ្រការរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤ ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា ពិសេសសម្រាប់ជំរុញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុអោយបានកាន់តែច្រើន ព្រោះពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះ នឹងមានការចូលរួមពីខេត្តជាប់ឆ្នេរ មានដូចជាប្រទេសវៀតណាម ប្រទេសថៃ ដើម្បីផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤ ក្នុងនោះជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ជំរុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជំរុញបន្តក្របខ័ណ្ឌ CVTEC)៕