ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា។

លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសឧស្សាហូបនីយកម្ម ឆ្ពោះទៅការកសាងខឿនសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិទ្យា។ លោកបានលើកទឹកចិត្តមជ្ឈមណ្ឌល Gyeongbuk Technopark ឱ្យពិចារណាបង្វែរទិសវិនិយោគរបស់កូរ៉េលើវិស័យបច្ចេកវិទ្យា ពីប្រទេសមួយចំនួនមកកម្ពុជា ដោយផ្អែកលើពីមូលដ្ឋាននៃបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា រួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយគាំទ្រធុរកិច្ច និងប្រជាជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បញ្ជាក់ថា «កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា ហើយយើងស្វាគមន៍កិច្ចសហការដែលអាចបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងប្រទេស និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មដែលផ្តោតលើការនាំចេញ»។

ជុំវិញនឹងការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លោក Minjae Joung បានបញ្ជាក់ថា ជំនាញរបស់មជ្ឈមណ្ឌល Gyeongbuk Technopark ស្របនឹងអាទិភាពរបស់កម្ពុជា ជាពិសេសបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាបៃតង។ លោក ក៏បានចាប់អារម្មណ៍លើកិច្ចសហការក្នុងការបង្កើតមជ្ឈមណ្ឌលផលិត និងពិសោធន៍ឧបករណ៍វេជ្ជសាស្ត្រដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ ប្តេជ្ញាគាំទ្រគម្រោងវិនិយោគឱ្យទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានជំរុញឱ្យអ្នកវិនិយោគប្រើប្រាស់យន្តការវិនិយោគផ្លូវការ និងស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដោយក្រសួងត្រៀមសហការ និងជួយសម្របសម្រួល។
ឯកឧត្តមរដ្ឋមន្ត្រីហែម វណ្ណឌី លើកឡើងថា «កម្ពុជាអាចជាទីផ្សារតូច ប៉ុន្តែអ្នកវិនិយោគមិនគួរសម្លឹងតែទីផ្សារក្នុងស្រុកទេ។ យើងមានទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខ័ណ្ឌ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន រួមទាំងជាមួយប្រទេសចិន កូរ៉េ និងមជ្ឈិមបូព៌ា។ ការទទួលបានព័ត៌មានពិត តាមរយៈយន្តការផ្លូវការមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តដែលត្រឹមត្រូវ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា»។

សូមជម្រាបថា Gyeongbuk Technopark គឺជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាំទ្រដល់ការរីកលូតលាស់នៃឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ និងកិច្ចសហការវាងវិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល៕


Leave a Reply

Your email address will not be published. Required fields are marked *