ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាចម្លាក់បដិមាទ្វារបាលចំនួន១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗត្រូវបានគេរកឃើញ នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ។
ចំពោះការរកឃើញនេះដែររ លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។
ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះដែរ ក្រុមអ្នកជំនាញបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។
ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង ស្ថិតនៅសតវត្សរ៍ទី១១៕