ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលមានមកពីប្រទេសចិន និងសិង្ហបុរី ស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។
នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះ កម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។ កម្ពុជាមានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនដែលអញ្ជើញចូលរួម ដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។