ភ្នំពេញៈ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២។
លោកស្រីបានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងដំណើរឆ្ពោះទៅមុខដើម្បីប្រាក់រៀល និងប្រព័ន្ធបាគង នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។ លោកស្រី ជា សិរី បានបន្តលើកឡើងថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលធនាគារជាតិនៃកម្ពុជាបានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានាប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគងបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យឆាប់រហ័ស និងចំណាយតិច។ លោកស្រីបន្តថា ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់បានតាមប្រព័ន្ធឃ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ លោកស្រីបានសង្កត់ធ្ងន់ថា ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈ QR code នៅតាមហាងទំនិញនានានៅកម្ពុជាជាប្រាក់រៀលផងដែរ។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។ លោកស្រីបានមានប្រសាសន៍លើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាសគួរបង្កើនការបើកប្រាក់ខែ ជាប្រាក់រៀល ហើយសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់ការសងប្រាក់ទាំងអស់ផ្ដល់ជម្រើសឱ្យអតិថិជន ទាំងអស់មានលទ្ធភាពក្នុងការប្រើប្រាស់ឃ្យូអរកូដ (QR code) ជាប្រាក់រៀលដើម្បីសម្រួល ដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *