ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រយៈពេល ៦ខែ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងកងកម្លាំងទាំងបី។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគាំទ្រ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសមន្រ្តីជំនាញទាំងអស់ធ្វើការអប់រំផ្សព្វផ្សាយ ពន្យល់ឱ្យគាត់យល់អំពី ច្បាប់ និងយល់អំពីនីតិវិធីច្បាប់ ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ អាជ្ញាធរដែនដី មន្ត្រីស្ថាប័នជំនាញនៅគ្រប់ជាន់ថ្នាក់ ពាក់ព័ន្ធនិងបញ្ហាក្មេងទំនើង បញ្ហាល្បែងស៊ីសង តាមប្រព័ន្ធ អនឡាញ និងបង្កើនអោយមានការត្រួតពិនិត្យអាវុធជាតិផ្ទុះ អោយបានម៉ត់ចត់ជាងមុន។ ទាក់ទងនឹងរឿង បទល្មើសព្រៃឈើ ឯកឧត្តមបានស្នើរអោយ អង្គភាពពាក់ព័ន្ធ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម កងកម្លាំងទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើង បានជាដាច់ខាត។ ហើយកងកម្លាំងទាំងអស់ត្រូវបន្តសហការអនុវត្តតាមភារកិច្ច ដែលបានប្រគល់ជូន ប្រកបដោយជោគជ័យ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ និងជាក្រុមលេខាធិការដ្ឋាននៃគណៈកម្មការការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងរាយការណ៍អំពី ការប្រើប្រាស់កម្លាំងសរុបចំនួន ៣២០នាក់ និងលទ្ធផលសកម្មភាពការងាររយៈពេល ៦ខែ ដោយបានឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណូមពរ និងទិសដៅ ដែលត្រូវអនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម៕


Leave a Reply

Your email address will not be published. Required fields are marked *