ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះមានការប៉ាន់ប្រមាណថាប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត បាននាំចេញអង្ករពីកម្ពុជាមានចំនួន៤ពាន់តោន ហើយដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនៅក្នុងជំនួបជាមួយលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា ទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេមានការីកចម្រើនលើគ្រប់វិស័យធ្វើឱ្យទំហំពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ ពិសេសទីម័រឡេស្តេបាននាំអង្ករពីកម្ពុជា ចំនួន៤ពាន់តោននៅឆ្នាំ២០២៤នេះ។

ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ, សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ទីម័រឡេស្តេគួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។

ទាក់ទងនឹងទីផ្សារ និងការនាំចេញអង្ករទៅប្រទេសទីម័រឡេស្តេ, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មើលឃើញទីផ្សារអង្ករនៅប្រទេសទីម័រឡេស្តេពិតជាមានសក្តានុពល ប៉ុន្តែការដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសមួយនេះនៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។ តែទោះជាយ៉ាងនេះក្តី បញ្ហានេះអាចនឹងដោះស្រាយបានប្រសិន ទីម័រឡេស្តេបញ្ជាទិញអង្ករពីកម្ពុជាក្នុងទ្រុងទ្រាយធំពេលនាំចេញម្តងៗ។

លោក លន់ យ៉េង មានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថានៅក្នុងរយៈពេលយ៉ាងខ្លី នាពេលខាងមុខការដឹកជញ្ជូនអង្ករទៅប្រទេសទីម័រឡេស្តេនឹងអាចដោះស្រាយបញ្ហានេះបាន ប្រសិនគាត់មានការបញ្ជាទិញអង្ករពីកម្ពុជាក្នុងទ្រុងទ្រាយធំម្តង១ម៉ឺនតោន”។

បើយោងតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាខាងលើ, នៅពេលកន្លងមកសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាបានជួប ឃើញថាខាងទីម័រឡេស្តេមានឆន្ទៈខ្ពស់ក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការទិញអង្ករពីខាងកម្ពុជា ហើយអង្ករដែលទ័ម័រធ្លាប់បានបញ្ជាទិញគឺប្រភេទអង្ករ សធម្មតា ៕


Leave a Reply

Your email address will not be published. Required fields are marked *