ខេត្តកំពង់ធំ៖នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនមីរ៉ាត់ (Mirarth) ប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូងរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ប្រព្រឹត្តទៅនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ញឹក បានខេង លើកឡើងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបរបស់ក្រុមហ៊ុនមីរ៉ាត់(Mirarth) នាពេលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងប្រកប ដោយផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី២០២២-២០២៧ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើយុទ្ធសាស្រ្ត៣គឺ ការផលិត ការកែច្នៃ និងការនាំចេញ។ ការនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុប នាថ្ងៃនេះគឺជាផ្នែក មួយក្នុងការជំរុញឲ្យចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានតាម គោលដៅដែលបានគ្រោងទុក ជាពិសេសគឺការសម្រេចឲ្យបានតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ធំក៏មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ១២កន្លែងដែលមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីឆៅបាន៧៨តោន/១ថ្ងៃ ឃ្លាំងស្តុក ១១កន្លែង ដែលមានលទ្ធភាពស្តុកបាន ១៨.១៩៥តោន/១ឆ្នាំ។
ក្នុងឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ បានឲ្យដឹងថា ដំណាំគ្រាប់ស្វាយចន្ទី គឺជាប្រភេទផលិតផលមួយក្នុងចំណោមផលិតផលផ្សេងទៀត ដែលនៅក្នុងឆ្នាំ២០២៤នេះ ទិន្នផលប្រមាណជាង ៨៧ម៉ឺនតោន ក្នុងនោះមាន៨៥% បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស ដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌា និងបង់ក្លាដេស។ ហើយខេត្តកំពង់ធំគឺជាខេត្តដែលទទួលបានលំដាប់ថ្នាក់លេខ១ ទូទាំង២៤ខេត្ត ខេត្តក្រចេះជាប់លេខ២ និងខេត្តរតនគិរីជាប់លេខ៣ ក្នុងបីខេត្តនេះសរុបប្រមាណជាង ៥៥% នៃផ្ទៃដីដាំដុះទូទាំងប្រទេស។
គូបញ្ជាក់ផងដែរថា នេះជាមោទនភាពបំផុត នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រុមហ៊ុនមីរ៉ាត់ (Mirarth) ដែលបាននាំចេញគ្រាប់ស្វាយចន្ទីចូលទៅក្នុងទីផ្សារសហគមន៍អឺរ៉ុបជាលើកដំបូងរបស់ខ្លួន រហូតដល់ ២៥០តោន/១ឆ្នាំ និងបន្តដាក់នូវផែនការបន្ថែមសមត្ថភាពរោងចក្រទៅ ៣,០០០តោន ហើយសាងសង់រោងចក្រទំហំ ២០,០០០តោនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ក៏ដូចគ្នាកំពុងសិក្សាដំណើរ ការប្រើប្រាស់សំបកស្វាយចន្ទីសម្រាប់បង្កើតថាមពលបៃតងទៀតផង៕