ភ្នំពេញ៖ មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពេលនេះនៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២,៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន១,៦៤៤គ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០ភាគរយ ខណៈដែលទោចក្រយានកើនឡើង ៣៦៨ភាគរយ ដោយឡែកត្រីចក្រយានថយចុះ-១៥ភាគរយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែបសម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំងជាពិសេសរថយន្តអគ្គិសនី៕


Leave a Reply

Your email address will not be published. Required fields are marked *