សម្ដេចធិបតី និងលោកស្រីអនុប្រធានរដ្ឋឡាវ បានបើកិច្ចពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពសំខាន់ចំនួន៨ ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។ កិច្ចពិភាក្សារវាងភាគីទាំងពីរ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ថ្លែងក្នុងជំនួបពិភាក្សានោះ លោកស្រីអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញក្តីរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ខណៈលោកស្រី ក៏បាន ថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។
ទន្ទឹមនឹងការលើកឡើងនេះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈសម្ដេចបានបង្ហាញក្តីជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
សូមបញ្ជាក់ដែរ សម្ដេចធិបតី និងអនុប្រធានរដ្ឋ បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពចំនួន៨ មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ថាមពល, សន្តិសុខ និងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕