ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការពន្លឿនក្រសួងរ៉ែ និងថាមពល ឱ្យបញ្ចប់ការរៀបចំកំណត់តំបន់ (Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់នៅកម្ពុជា។
សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥​ របស់ក្រសួងរ៉ែ និងថាមពល” នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា​ ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានពន្លឿនក្រសួងបញ្ចប់ការរៀបចំកំណត់តំបន់(Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់នៅកម្ពុជា ហើយរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះឱ្យទទួលបានលទ្ធផលល្អ ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានជំរុញក្រសួងត្រូវបន្តរៀបចំសិក្សា ដោយសហការជាមួយដៃគូពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បីចងក្រងផែនទីសក្តានុពលធនធានរ៉ែ (Potential Mineral Map) និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ (Rare Earth) ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែមទៀត ។

ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានជំរុញទៅកាន់ក្រសួងរ៉ែ និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងលើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ ពង្រឹងការត្រួតពិនិត្យ ការទិញ ការដឹកជញ្ជូន ការស្តុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និងសារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែឱ្យបានម៉ឺងម៉ាត់ថែមទៀតផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *