ឥណ្ឌា ៖ Google បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ស៉ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
កាសែត Hindustan Times បានដកស្រង់សម្តីមន្រ្តីប៉ូលិសនិយាយថា តៃកុងឡានបានបើកតាមផ្លូវដែលបង្ហាញដោយ Google Maps។ ចំណែកទីភ្នាក់ងារព័ត៌មាន Press Trust of India news រាយការណ៍ថា ប៉ូលិសកំពុងសាកសួរមន្ត្រីម្នាក់អំពី Google Maps ព្រមទាំងអ្នកផ្សេងទៀតមកពីមន្ទីរសាធារណការរបស់រដ្ឋាភិបាល។
សម្រាប់បុរសទាំង ៣នាក់នោះបានធ្វើដំណើរទៅចូលរួមពិធីមង្គលការ នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយរថយន្តរបស់ពួកគេក្រោយមក ក៏បានធ្លាក់ពីស្ពានដែលជួសជុលមិនទាន់ហើយ ចូលទៅក្នុងទន្លេ Ramganga កាលពីថ្ងៃអាទិត្យ។ បើតាមប៉ូលិស ស្ពានមួយផ្នែកបានរងការខូចខាត អំឡុងពេលមានទឹកជំនន់កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងមួយឆ្នាំ បន្ទាប់ពីមានវេជ្ជបណ្ឌិតពីរនាក់ស្លាប់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៅពេលដែលរថយន្តពួកគេ ធ្លាក់ចូលទៅក្នុងទន្លេ Periyar ដោយកាលណោះពួកគេក៏បានប្រើប្រាស់ Google Maps ដែរ៕