ភ្នំពេញ ៖ ការសិក្សារៀនសូត្រឱ្យបានចេះដឹងលើការងាររបៀប និងការគ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ បុគ្គលិករដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ដើម្បីយកចំណេះទាំងនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗខ្លួន ឱ្យបានត្រឹមត្រូវ ស្របតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ។

នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈ ឯកឧត្តម អញ្ជើញជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ» នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដោយ លោកស្រី ជោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាគ្រូឧទ្ទេសនិងមានសិក្ខាកាមចូលរួមប្រមាណជាង៣០០នាក់។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងវគ្គបណ្តុះបណ្តាលនេះ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំវគ្គនេះរួចម្តងហើយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការបានជាច្រើនលើក ដែលមានដូចជា៖ ការគ្រប់គ្រងបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ, ការតាក់តែង លិខិតរដ្ឋបាល, ការពង្រឹងផ្នត់គំនិតក្នុងការបំពេញការងារ, ការពង្រឹងភាពជាអ្នកដឹកនាំក្នុងអង្គភាព។

ជាមួយនេះ រដ្ឋបាលរាជធានីនូវបានបញ្ជូនមន្ត្រី ទៅទទួលការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានសិក្សាថែមទៀត ដូចជា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វគ្គបណ្តុះបណ្តាលទាំងអស់នេះ បានចូលរួមចំណែកបំពេញបន្ថែមចំណេះដឹងជូនមន្ត្រីរាជការ ទាំងផ្នែកជំនាញរឹង និង ជំនាញទន់របស់មន្ត្រីរាជការ ពិសេសការសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងយុគសម័យឌីជីថល។

ឯកឧត្តម កើត ឆែ បន្តថា ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាលក្ខខណ្ឌគ្រឹះ ដែលធានានូវដំណើរការ ជាប្រក្រតី នៃរដ្ឋបាលសាធារណៈ។ ប្រសិនបើអង្គភាពមួយពុំយកចិត្តទុកដាក់ លើការគ្រប់គ្រងឯកសារទេនោះ ប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ កំហុសរដ្ឋបាល និងបញ្ហាប្រឈមផ្សេងៗ ជាក់ជាមិនខាន។ បើយើងមានវិធីសាស្ត្រគ្រប់គ្រងឯកសារបានល្អ (ទាំងទុកដាក់ឯកសាររឹង និងឯកសារទន់ ក្នុងកុំព្យូទ័រ) នោះ នឹងមានភាពងាយស្រួលក្នុងការរកឯកសារនោះឡើងវិញ។ ការពង្រឹងសមត្ថភាពការងាររដ្ឋបាល ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ប្រសិទ្ធផល ដើម្បីសម្រេចបាននូវ «សមិទ្ធកម្មការងារ» ស្របតាមគោលការណ៍អភិបាលកិច្ចល្អ ក៏ដូចជា វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរបស់យើងត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ឱ្យដូចការជួសជុលផ្ទះ។

សូមបញ្ជាក់ថា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនោះ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ការងារផ្នែកការងាររដ្ឋបាល បានបង្រៀនមេរៀនចំនួន២ រួមមាន ទី១ ការងាររបៀប និងទី២ ការងារគ្រប់គ្រងឯកសារដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលស្តីពី ការងាររបៀប និងការគ្រប់គ្រងឯកសារ៕


Leave a Reply

Your email address will not be published. Required fields are marked *