ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៣១(បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត) ប្រវែងជាង៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០%ហើយ។
ក្រុមការងារបានចុះពិនិត្យបច្ចេកទេសសម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។ការចុះពិនិត្យសម្អិតនេះ ក្នុងគោលបំណងធានាការអនុវត្តគម្រោងទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕