នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។ អញ្ជើញចូលរួមនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ក្រុមការងារប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗយុវជនចំនួន ៥៩១ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ដែលបានឆ្លៀតឱកាសដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធ់នាឱកាសនោះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិនៃការឆ្លងកាត់របស់ខេត្តព្រះវិហារ ដោយឯកឧត្តមបានលើកឡើងថា ខេត្តព្រះវិហារជាខេត្តមួយដែលធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាម ហើយបានរំដោះខ្លួនក្រោយគេ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ក្រោមការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក មគ្គុទេសក៏ឯក និងជាប្រធានទី ១ របស់ស.ស.យ.ក.។ ការរំដោះខ្លួនពីសង្រ្គាមនេះ បានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា ជាពិសេសអនុញ្ញាតឱ្យខេត្តព្រះវិហារ អាចកសាងនូវមណ្ឌលផ្ដល់ឈាមនេះឡើង ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជន និងសង្គម។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ ដែលបានផ្តួចផ្តើមគំនិត ក៏ដូចជាបានឧបត្ថម្ភគាំទ្រទាំងស្មារតី និងធនធានក្នុងការកសាងអគារមណ្ឌលផ្ដល់ឈាមនេះឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះក្រុមគ្រួសារស.ស.យ.ក. ខេត្តព្រះវិហារ ដែលបានសម្រេចសមិទ្ធផលសាងសង់អគារមណ្ឌលផ្ដល់ឈាមដ៏ថ្មីស្រឡាងមួយនេះ ។ អគារនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់ជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាបន្ទាន់នៅក្នុងខេត្តព្រះវិហារនេះផ្ទាល់តែម្ដង។
សូមជម្រាបជូនថា អគារនេះមានប្រវែង ៨ ម៉ែត្រ x ១៦ ម៉ែត្រ។ ក្នុងអគារនេះមានរួមមាន៖ កន្លែងផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបំពាក់ឧបករណ៍ សម្ភារបរិក្ខាសំខាន់ៗមួយចំនួនទៀត។