ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតឆ្នាំថ្មី ២០២៥ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដែលបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារSun & Moon។ ពិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម លោក លី ឧត្តម ប្រធានថ្នាក់ជាតិនៃ JCI Cambodia ២០២៤ បានសម្ដែងនូគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមតែងផ្ដល់ការគាំទ្រ និងអនុសាសន៍ណែនាំ ចង្អុលបង្ហាញ ប្រកបដោយភាតរភាព ក្នុងនាមជាថ្នាក់ដឹកនាំ និងក្នុងនាមជារៀមច្បងដែលបានមើលថែប្អូនៗយ៉ាងយកចិត្តទុកដាក់ ជាពិសេសផ្ដល់ភាពកក់ក្តៅដល់សមាជិកសភាយុវពាណិជ្ជករកម្ពុជាគ្រប់រូប។ ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណដល់សមាជិក សមាជិកា សភាយុវពាណិជ្ជករកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារស្របតាមតួនាទីប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក។
ក្រោយពីបានស្ដាប់នូរបាយការណ៍ស្វាគមន៍របស់លោកប្រធាន JCI Cambodia ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវភាពរីករាយក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលសម្រេចបានរបស់សមាជិកJCI Cambodia ទាំងអស់។ ឯកឧត្តមបានបន្តទៀតថា គ្រប់សកម្មភាពទាំងអស់របស់ JCI Cambodia បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសឱ្យយុវជនបានពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមក្នុងកម្មវិធីនានា ដើម្បីក្រេបជញ្ជក់យកបទពិសោធនិងក្លាយជាផ្នែកមួយនៃការជំរុញភាពវិជ្ជមានជូនសង្គមជាតិ។
ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តមបានរំលេចអំពីគោលដៅរួមរបស់ ស.ស.យ.ក. និងJCI Cambodia ដោយឯកឧត្តមបានគូសបញ្ជាក់ថា ទោះបី ស.ស.យ.ក និងJCI Cambodia មានចំណុចចាប់ផ្តើមខុសគ្នា ក៏ប៉ុន្តែមានបេសកកម្មដូចគ្នា គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះឆន្ទៈយុវជនកម្ពុជាឱ្យចូលរួមចំណែកផ្ដល់ភាពវិជ្ជមានដ់ល់សង្គម បណ្ដុះស្មារតីឱ្យចេះជួយយកអាសារគ្នា ហើយជាពិសេសចូលរួមលើកកម្ពស់ធនធានមនុស្ស ព្រមទាំងបង្កើនសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។










