ស្ពានអាកាសភ្លោះ ដែលជាគម្រោងស្ពានមួយក្នុងចំណោមស្ពានអាកាសទាំង៩ នៅរាជធានីភ្នំពេញ ពេលនេះសម្រេចការសាងសង់បានប្រមាណ ២៥%ហើយ ខណៈស្ពាននេះគ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី៤ ខែធ្នូ ថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ២៥% ដោយបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។

លោកបន្តថា ស្ពានអាកាសភ្លោះនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) មុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូល នៅខែមិថុនាឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ ដោយប្រើប្រាស់ថវិកា ក្នុងសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក ហើយស្ពាននេះ បានបើកការដា្ឋនសាងសង់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបផងដែរថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕


Leave a Reply

Your email address will not be published. Required fields are marked *