យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួនរំពឹងទុកខ្ពស់ថានឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៦២ពាន់លានបាត (ប្រហែលជាង ១,៨ពាន់លានដុល្លារ) អំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខ ពោលគឺកើនឡើង ២៣% បើធៀបទៅឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
អភិបាលអាជ្ញាធរទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool បាននិយាយថា ចាប់ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ប្រទេសថៃ ត្រូវបានព្យាករថានឹងទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ១,៥៦ លាននាក់ ដោយនឹងផ្តល់ចំណូលជាទឹកប្រាក់ប្រមាណ ៤៥ពាន់លានបាត។
ទន្ទឹមនឹងនេះ សម្រាប់ភ្ញៀវទេសចរក្នុងស្រុកវិញ TAT រំពឹងទុកថានឹងមានចំនួនសរុប ៤,៤១ លាននាក់ ក្នុងអំឡុងពេលឈប់សម្រាករយ:ពេល ៥ថ្ងៃនោះ ដែលនឹងផ្តល់នូវប្រាក់ចំណូលដល់វិស័យទេសចរណ៍សរុបចំនួន ១៧ពាន់លានបាត ពោលគឺកើនឡើង ២៩% ចំពោះបរិមាណ និង ៣០% ចំពោះប្រាក់ចំណូល។
ជុំវិញការកើនឡើងនេះ ត្រូវបានគេយល់ឃើញថាដោយសារតែត្រូវបានជំរុញដោយកត្តាសំខាន់ៗមួយចំនួន ដូចជាភាពងាយស្រួលនៃការធ្វើដំណើរ រួមទាំងផែនការលើកលែងទិដ្ឋាការ និងការផ្អាកការរឹតបន្តឹងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យចំនួន ១៦ សម្រាប់ការមកដល់របស់ភ្ញៀវទេសចរតាមរយ:ផ្លូវគោក និងសមុទ្រ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏បានបន្ថែមជើងហោះហើរថ្មីៗចំនួន ៣០ ពីទីផ្សារធំៗ រួមមានប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ ឥណ្ឌា ស្កែនឌិណាវី និងប្រទេសបារាំង ផងដែរ៕