ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ដំណើរប្រើប្រាស់សាកល្បងសេវាសាធារណៈអនឡាញសម្រាប់ ផ្តល់សេវាសាធារណៈក្នុងវិស័យដីធ្លី នៅរាជធានីភ្នំពេញ នៅពាក់កណ្តាលឆ្នាំ២០២៤នេះ។
បើយោងតាមលោកស្រី សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា៖ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់ប្រតិបត្តិការតាមអនឡាញ នៅក្នុងរាជធានីភ្នំពេញ ឃើញថាប្រតិបត្តិការសេវានេះតាមអនឡាញ មានចន្លោះពី១៥០ទៅ២៥០ប្រតិបត្តិការក្នុងមួយថ្ងៃ និងអាចរកចំណូលបានចន្លោះពី ១៥០០០ដុល្លារទៅ ៣ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈចំនួន៤ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី៩ ធ្នូ ២០២៤ លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា របាយការណ៍នេះ គឺសម្រាប់តែមន្ទីរនៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ និងជាមន្ទីរដែលមានការស្នើសុំឬក៏ប្រើប្រាស់សេវាតាមអនឡាញនេះ ច្រើន ។

លោកស្រីបានឱ្យដឹងទៀតថា៖ ស្របពេលគ្នានេះ មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាបក៏ចាប់ផ្ដើមមានការប្រើប្រាស់សេវាអនឡាញរបស់ក្រសួងសកម្មមួយដែរ ក្នុងមួយថ្ងៃយ៉ាងតិចក៏មាន៤ទៅ៥ប្រតិបត្តិការ ដោយថ្ងៃខ្លះក៏ឡើង២០ប្រតិបត្តិការដែរ ។

យោងប្រភពក្រសួងរៀបចំដែនដី បញ្ជាក់ថាការផ្តល់សេវាតាមប្រព័ន្ធអនឡាញនេះ រួមមាន សេវាផ្ទេរកម្មសិទ្ធិតាមការលក់-ទិញ, ផ្ទេរកម្មសិទ្ធិតាមអំណោយក្នុងរង្វង់ញាតិ, សេវាចុះបញ្ជីដាក់បន្ទុកនិងលុបបន្ទុក ហ៊ីប៉ូតែក និងសេវាដាក់បញ្ចាំ។

ការសាកល្បងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ ឱ្យមានភាពងាយស្រួល រហ័សទាន់ចិត្តជូនពលរដ្ឋ ក្នុងគោលដៅសម្រេចបាននូវគោលនយោបាយអាទិភាព ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសស្រុះស្រួលគ្នា៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ