កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថាបនិកនៃគម្រោងស្អាត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ម៉ានី នៃអគារ The KAMPUS។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ស្ថាបនិកនៃគម្រោងស្អាត តំណាងក្រសួងស្ថាប័នមួយចំនួន ក្រុមហ៊ុនឯកជន សមាគមអង្គការសង្គមស៊ីវិល ដៃគូសហការ សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត បណ្តាសិល្បករ សិល្បការិនី ក៏ដូចជា social influencer និងសាធារណជនជាច្រើននាក់ផងដែរ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ទេព កុលាប សហស្ថាបនិកនៃគម្រោងស្អាត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ លោកជំទាវ បានរាយការណ៍អំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបញ្ជាក់អំពីយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ ផ្ដោតលើគោលគំនិតសំខាន់ៗចំនួនបី៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាត ក្រោម ទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្ដសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាតនិងយុវជនទូតសុឆន្ទៈទាំងអស់នៃគម្រោងភ្នំពេញស្អាតដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាចូលរួមដើម្បីរៀបចំនិងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាតដ៏មានអត្ថន័យនេះតាំងពីឆ្នាំ២០១៧ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈមកដល់ថ្ងៃនេះ។ ក្នុងនោះដែរ ឯកឧត្តមបានគូសបញ្ជាក់ថាយុទ្ធនាការភ្នំពេញស្អាត បាននាំមកនូវការជួបជុំគ្នា សម្រាប់អ្នកដែលមិនធ្លាប់មានឱកាសមកជួបជុំ និងបានបង្កើតភាពស្និតស្នាលបន្តិចម្តងៗ ក្នុងគោលបំណងបណ្តុះស្មារតីនៃការរួបរួមគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្ដោតសំខាន់លើការបញ្ជ្រាបសារអប់រំ ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សមរម្យ។ គម្រោងស្អាតបានក្លាយទៅជាយុទ្ធការថ្មីបន្ថែម សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិ ទាំងសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចេះមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ