កន្លែងទីក្រុងរណប គឺជាសហគមន៍ ឬតំបន់ប្រជុំជនដែលនៅជាប់រាជធានី ឬទីក្រុងធំៗ ហើយបើគិតត្រឹមពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានទីក្រុងរណបចំនួន ៧កន្លែងហើយ។ទីក្រុងរណបទាំង៧កន្លែងនេះ បាននឹងកំពុងជំរុញចរន្តសេដ្ឋកិច្ចរាជធានីភ្នំពេញឱ្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋផងដែរ។
លោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ បានឱ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលក្រុងអរិយក្សត្រកាលពីពេលថ្មីៗនេះថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានទីក្រុងរណបចំនួន ៧កន្លែងដូចខាងក្រោម៖
១.ទីក្រុងកោះពេជ្រ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០០៦ ដែលមានផ្ទៃដីសរុបជាង ១០០ហិកតា។
២. កាំកូស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុនកូរ៉េ World City ក្នុងឆ្នាំ២០០៦ ដែលមានផ្ទៃដីសរុបជាង ១១៩ហិកតា។
៣. បឹងកក់ស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុន Shukaku ក្នុងឆ្នាំ២០០៧ ដែលមានផ្ទៃដីសរុបជាង ១១៤ហិកតា។
៤. ទីក្រុងជ្រោយចង្វារ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០១១ ដែលមានផ្ទៃដីសរុបជាង ៣០០ហិកតា។
៥. ហ្គាឌិនស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ក្នុងឆ្នាំ២០១២ ដែលមានផ្ទៃដីសរុបជាង ១០០០ហិកតា។
៦. ហ្គ្រេនភ្នំពេញស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុនជីប ម៉ុង ក្នុងឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុបជាង ២៦០ហិកតា។
៧. ទីក្រុងកោះនរា៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០២០ ដែលមានផ្ទៃដីសរុបជាង ១២៥ហិកតា។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសបើកការដ្ឋាន “គម្រោងអភិវឌ្ឍន៍ទីក្រុងរណប” ថ្មីមួយទៀតដែលស្ថិតនៅខាងកើតរាជធានីភ្នំពេញ ដែលមានឈ្មោះថា “ទីក្រុងរណបមេគង្គឃី”។ ទីក្រុងរណប“មេគង្គឃី” ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប របស់អ្នកឧកញ៉ា ឃុន សៀ ដែលមានផ្ទៃដីសរុបជាង ២១០ហិកតា ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕