ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយហេតុថាក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងនាឱកាសនេះ ដោយបានជម្រាបជូនដល់បណ្ដាវិនិយោគិនអំពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ រាប់បញ្ចូលទាំងស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន

ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម។

ក្រុមហ៊ុនចំនួន១៣ បានមានវត្តមាននាឱកាសនេះដើម្បីសិក្សាឈ្វេងយល់បន្ថែមអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា មានដូចជា៖

1. ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក។

2. ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតរថយន្តច្រើនប្រភេទ និងគ្រឿងបន្លាស់រថយន្តជាដើម។

3. ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

4. ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ឡូជីស្ទីក, និងបច្ចេកវិទ្យានិងជីវសាស្រ្ត(Biotechnology)។

5. ក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development)។

6. ក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ឧស្សាហកម្មដែក, ភស្តុភារ, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, ឧស្សាហកម្មសំណង់និងថាមពល។

7. ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ អចលនទ្រព្យ, សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ។

8. ក្រុមហ៊ុន Hanshin Engineering & Construction គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ សំណង់សាងសង់។

9. ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ។

10. ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត។

11. សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) គឺជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ។

12. សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) គឺជាអង្គការដ៏ធំមួយសម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស។

13. ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ