ហ្វីលីពីន៖ ជនជាតិបរទេសប្រមាណ៤០០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥។
អាជ្ញាធរហ្វីលីពីនបានឆ្មក់ចូលអគារមួយហើយបានរកឃើញកម្មកររាប់រយនាក់ដែលត្រូវបានគេចោទថា បានចូលរួមក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនរងគ្រោះនៅបរទេស។
អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ លោកស្រី Dana Sandoval បានប្រាប់ AFP ថា ជនបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះភាគច្រើនជាជនជាតិចិន ហើយកំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់។ ពួកគេនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីរង់ចាំការនិរទេសខ្លួនចេញពីហ្វីលីពីន។
លោក Fortunato Manahan ប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីការវាយឆ្មក់ចុងក្រោយថា៖«ប្រតិបត្តិការរបស់ពួកគេត្រូវបានរកឃើញថា បំពានច្បាប់អន្តោប្រវេសន៍ និងបង្កហានិភ័យយ៉ាងសំខាន់ដល់សាធារណជន»។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាលពីខែកក្កដាឆ្នាំមុន បានប្រកាសហាមប្រាមនៅចុងឆ្នាំ ២០២៤ លើប្រតិបត្តិករហ្គេមអនឡាញហ្វីលីពីន (POGO) បានប្រើប្រាស់ជាជម្រកក្រុមឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការក្លែងបន្លំតាមអ៊ីនធឺណិត ការចាប់ជំរិត និងថែមទាំងមានឃាតកម្មទៀតផង។
មានការព្រួយបារម្ភជាអន្តរជាតិបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញប្រតិបត្តិការបោកប្រាស់ស្រដៀងគ្នានៅអាស៊ី ដែលជារឿយៗត្រូវបានបុគ្គលិកជាជនរងគ្រោះពីការជួញដូរ ដែលត្រូវបានបោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យបោកបញ្ឆោតអតិជនឲ្យវិនិយោគរូបិយប័ណ្ណក្លែងក្លាយ និងគុណវិបត្តិផ្សេងទៀត៕