ឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ជាមួយអ្នកវិនិយោគមកពីប្រទេសកាតា ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង។
រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានក្រុមហ៊ុនកាតា Qilaa International Group នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto។
លោក Maruarar បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងផ្តល់អាទិភាពដល់វណ្ណៈទាបកណ្ដាលដែលរស់នៅក្នុងទីក្រុង»។
រដ្ឋាភិបាល នឹងផ្តល់ដីសម្រាប់សាងសង់អាផាតមិន ខណៈដែលអ្នកវិនិយោគនឹងក្លាយជាអ្នកម៉ៅការ ហើយនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។
សូមបញ្ជាក់ថា គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីជាតិដ៏សំខាន់របស់លោក Prabowo ក្រោយឡើងកាន់តំណែងជាមេដឹកនាំឥណ្ឌូណេស៊ីកាលពីខែតុលាឆ្នាំ២០២៤។ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Prabowo បានប្រាប់ថា លោកចង់សាងសង់លំនៅឋានចំនួន៣លានខ្នងក្នុងមួយឆ្នាំៗនៅតាមភូមិ និងទីក្រុង ដើម្បីគាំទ្រដល់វណ្ណៈទាបកណ្តាល៕