វ៉េណេស៊ុយអេឡា ៖ ប្រាក់រង្វាន់សម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានដំឡើងរហូតដល់ ២៥លានដុល្លារ កើនឡើងពី ១៥លានដុល្លារដែលផ្តល់ជូនក្នុងឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់រតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥ ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រៅតែពីលោក Nicolas Maduro អាមេរិកក៏បានប្រកាសផ្តល់រង្វាន់ ២៥លានដុល្លារផងដែរសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមហាផ្ទៃ លោក Diosdado Cabello និងរង្វាន់ ១៥លានដុល្លារសម្រាប់រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino Lopez។ រតនាគារអាមេរិក បានចោទប្រកាន់ពួកគេថាបានដើរតួនាទីនៅក្នុង «ការគាបសង្កត់ និងការរំលោភសិទ្ធិមនុស្ស»។
បន្ថែមពីនេះ វិធានការរបស់អាមេរិក ក៏បានរួមបញ្ចូលទាំងការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងការធ្វើដំណើរ សំដៅលើមន្ត្រីពាក់ព័ន្ធជាមួយរដ្ឋាភិបាលវ៉េណេស៊ុយអេឡាមួយចំនួន រួមទាំងប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ PDVSA និងរដ្ឋមន្ត្រីដឹកជញ្ជូន ព្រមទាំងមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់មួយចំនួនទៀត ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។
កន្លងមក អាមេរិកបានបដិសេធមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដាឆ្នាំ២០២៤នោះទេ ដោយបានហៅការបោះឆ្នោតនេះថាមិនសមហេតុផល និងមិនមានលទ្ធិប្រជាធិបតេយ្យ។ ហើយកាលពីខែធ្នូ ប្រធានអង្គភាពកិច្ចការវ៉េណេស៊ុយអេឡានៅស្ថានទូតអាមេរិកប្រចាំប្រទេសកូឡុំប៊ី លោក Francisco Palmieri បានដាក់ឱសានវាទវវ៉េណេស៊ុយអេឡា ដោយទាមទារឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីអំណាចមុនពេលចូលកាន់តំណែងជាផ្លូវការថ្មីម្ដងទៀតក្នុងខែមករានេះ និងទទួលស្គាល់លោក Gonzalez ជាអ្នកឈ្នះ។
យ៉ាងណាមិញ វ៉េណេស៊ុយអេឡា មិនបានឆ្លើយតបនឹងឱសានវាទនេះ ហើយក៏មិនបានធ្វើអត្ថាធិប្បាយជុំវិញការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកដែរ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់វ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ថា លោក ម៉ាឌូរ៉ូ បានយកឈ្នះក្នុងការបោះឆ្នោតសកល និងបន្តកាន់តំណែងរយៈពេល៦ឆ្នាំទៀត។ យ៉ាងណា លទ្ធផលនេះត្រូវបានជំទាស់ដោយគណបក្សប្រឆាំង ក៏ដូចជាសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅអាមេរិកឡាទីន និងសហភាពអឺរ៉ុប ដោយចោទថាលទ្ធផលបោះឆ្នោតត្រូវបានក្លែងបន្លំ ព្រោះក្រុមប្រឹក្សាបោះឆ្នោតជាតិមិនបានបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ ហើយអ្នកឈ្នះពិតប្រាកដជាបេក្ខភាពមកពីបក្សប្រឆាំង។
ក្នុងប្រទេសវ៉េណេស៊ុយអេឡា បានបាតុកម្មបានផ្ទុះឡើងជាច្រើនកន្លែងក្នុងប្រទេស ហើយមានមនុស្សច្រើនជាង២៤០០នាក់ត្រូវ បានចាប់ឃុំខ្លួនដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក្នុងនោះមានទាំងអ្នកកាសែត អ្នកនយោបាយ និងបុគ្គលិកមនុស្សធម៌ផងដែរ ៕