វៀតណាម៖ ប៉ូលិសចរាចរណ៍ទីក្រុងហូជីមិញនៃប្រទេសវៀតណាម បានប្រមូលការផាកពិន័យសរុបបានចំនួន ៤២,៥ពាន់លានដុង ស្មើនឹង ១,៦៧លានដុល្លារ ក្នុងសប្តាហ៍ដំបូងនៃខែមករា បន្ទាប់ពីការអនុវត្តការផាកពិន័យដ៏តឹងរ៉ឹងចំពោះការបំពានច្បាប់ចរាចរណ៍។
លោក Le Van Hai អនុប្រធាននាយកដ្ឋានប៉ូលិសចរាចរណ៍ទីក្រុងហូជីមិញ បាននិយាយថា ចំនួននេះតំណាងឲ្យការកើនឡើងចំនួន ១១ពាន់លានដុង ឬ ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាមុនពេលការអនុម័តច្បាប់ថ្មី។ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែមករា នគរបាលចរាចរណ៍បានកត់ត្រាល្មើសច្បាប់ចំនួន ១១ ៨៣០លើក ដែលបណ្តាលឲ្យមានការរឹបអូសយានយន្តជាង ៤ ៣០០គ្រឿង ក្នុងនោះរថយន្ត ១១គ្រឿង និងម៉ូតូ ៤ ២២០គ្រឿង។
ប័ណ្ណបើកបរប្រហែល ២ ១០០ប័ណ្ណ ត្រូវបានដកហូតក្នុងអំឡុងពេលនេះ ជាមួយនឹងការផាកពិន័យជាមធ្យមចំនួន ៦ពាន់លានដុង (ជាង ២៣ម៉ឺនដុល្លារ) ជារៀងរាល់ថ្ងៃ។បទល្មើសទាំងនោះរួមមាន ការបើកបរក្រោមឥទ្ធិពលស្រវឹង ល្មើសល្បឿន ធ្វើដំណើរខុសគន្លងផ្លូវ និងមិនគោរពស្លាកសញ្ញាចរាចរណ៍ រួមទាំងការល្មើសផ្សេងៗ។
ក្រឹត្យថ្មីដែលចូលជាធរមានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ ឥឡូវនេះអ្នកបើកបររថយន្តអាចប្រឈមនឹងការពិន័យរហូតដល់ ២០លានដុងសម្រាប់បទល្មើសមួយចំនួន ដែលស្មើនឹងជិតបីដងនៃការពិន័យជាអតិបរមាពីមុន។ អ្នកជិះម៉ូតូអាចត្រូវផាកពិន័យរហូតដល់ ៦លានដុងចំពោះការជិះបំពានភ្លើងក្រហម និងរហូតដល់ ១០លានដុងចំពោះការបើកបរដោយមិនប្រុងប្រយ័ត្ន។
ហូជីមិញ មានប្រជាជនរស់នៅជាង ១០លាននាក់ និងមានយានយន្តជាង ៩,៥លានគ្រឿងគិតត្រឹមចុងឆ្នាំ២០២៤ ក្នុងនោះមានរថយន្តជាង ១លានគ្រឿង និងម៉ូតូ ៨,៥លានគ្រឿង៕