យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធសម្ពាធទាបរួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោមអូស បន្លាយនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ស្ថានភាពអាកាសធាតុជាទូទៅ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយ នឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យមទៅបង្ហូរ ក្នុងនោះក៏មានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ដែលអាចបង្កឲ្យ តំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍ ៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹង សែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុក ជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ ៤ រោងខេត្ត កោះកុង និងខេត្តព្រះសីហនុ) ។

ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែល អាចធ្វើឲ្យទឹកទន្លេ មានការងើបឡើងវិញ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។


Leave a Reply

Your email address will not be published. Required fields are marked *