នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងមក ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមរយៈយុទ្ធសាស្រ្តថ្មីក្នុងទម្រង់ «ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍» ដើម្បីថត និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ បង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការរួមគ្នារៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយតារា និង Influencer ចិនដ៏ល្បីមកថតនៅប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោកប្រធានគ្រប់គ្រងវិទ្យុ បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជូនឯកឧត្តមរដ្ឋមន្ត្រី ចំពោះការគាំទ្រ និងកិច្ចសហការរៀបចំកម្មវិធីសម្ពោធការចាក់ផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលឯកឧត្តមប្រធានាធិបតី Xi Jingping ចូលចិត្ត” ដែលបានទទួលនូវសមទ្ធិផលផ្លែផ្កាដ៏ត្រចះត្រចង់ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ជូនថា វិទ្យុមិត្តភាពកម្ពុជា-ចិន ជាផ្នែកមួយនៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានឈ្មោះជាភាសាអង់គ្លេសថា China Media Group ហៅកាត់ថា CMG បង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងស្ថានីយ វិទ្យុមជ្ឈិមចិន (CCTV) ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន (CNR) និងស្ថានីយវិទ្យុអន្តរជាតិចិន (CRI) ដោយសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គឺជាស្ថាប័នផ្សព្វផ្សាយចម្រុះដែលមានទ្រង់ទ្រាយធំជាងគេ បរិមាណផលិតកម្មវិធីច្រើនជាងគេ និងដែនគ្របដណ្ដប់ទូលំទូលាយជាងគេលើពិភពលោក បច្ចុប្បន្នផ្សាយចេញនៅក្រៅប្រទេសចំនួន៨០ភាសា។