ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ធ្វើអាជីវកម្ម និងការវិនិយោគ ដើម្បីបង្ហាញសក្តានុពលរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក។
ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ “មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប”នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មបានលើកឡើងថា សៀវភៅមគ្គុទេសក៍ សម្រាប់ធ្វើអាជីវកម្ម និងការវិនិយោគ នេះបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាចំណែកមួយលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា សៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនេះ មិនត្រឹមតែប៉ុណ្ណោះក្រៅពីមានប្រាសាទបុរាណរាប់រយហើយនោះ ក៏នៅមានសក្តានុពលផ្សេងៗទៀត ដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យដឹកជញ្ជូនផ្លូវអាកាសជាដើម។
ឯកឧត្តមក៏លើកឡើងថា ខេត្តសៀមរាបក៏មានបឹងទន្លេសាប ដែលគេរំពឹងថា នឹងក្លាយជាផ្លូវដឹកជញ្ជូនកសិផលដ៏សំខាន់មួយភ្ជាប់ខេត្តជុំវិញបឹងនេះទៅកាន់ទន្លេបាសាក់ និងទៅកាន់ព្រែកជីកហ្វូណន់តេជោ ដោយឡែកព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ក៏ជាច្រកនាំចេញដ៏ធំមួយដែរ។
ឯកឧត្តម សុក ស៊ីផាន់ណា រំពឹងថា សៀវភៅនេះ ជាចំណែកមួយនៅក្នុងការបង្ហាញសក្តានុពលរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក ។ ព្រោះក្រៅពីការបែងចែកនៅក្នុងស្រុក សៀវភៅនេះក៏នឹងត្រូវបញ្ជូនទៅកាន់គ្រប់បណ្តាស្ថានឯកអគ្គរាជទូតរបស់កម្ពុជានៅក្រៅប្រទេសផងដែរ។ សូមជម្រាបថា សៀវភៅ“មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប” បានបោះពុម្ពជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ៕