(ភ្នំពេញ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្សព្វផ្សាយពីសកម្មភាពនៃការចុះត្រួតពិនិត្យនិងជួសជុលថែទាំផ្លូវចំនួន១៧ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនពលរដ្ឋព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងៗជាដើម។
មន្ទីរសាធារណការខេត្តទាំង១៧ កាលពីថ្ងៃទី៥ – ៦ តុលា ២០២៤ បានបើកការដ្ឋានជួសជុលផ្លូវដែលមានការខូចខាត និងខ្ទេច ឬជង្ហុកសំបុកមាន់ ដោយសារការដឹកជញ្ជូន និងកត្តាអាកាសធាតុជាដើម។
សម្រាប់សកម្មភាពនៃការចុះអនុវត្តការជួសជុលផ្លូវទាំង១៧ខេត្តនេះ គឺមានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ កែប សៀមរាប ព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កំពត តាកែវ ត្បូងឃ្មុំ កណ្តាល រតនគីរី ប៉ៃលិន បាត់ដំបង និងខេត្តកោះកុង ដែលបានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *