នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រតិភូ និងកីឡាករក្លឹបបឹងកេតប្រមាណ៦០រូប ក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជានារដូវកាលបៃតង។ ជាមួយគ្នានេះ តម្រាយផ្លូវទស្សនកិច្ចនេះ ចេញដំណើរតាមរថភ្លើងពីភ្នំពេញឆ្ពោះទៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា មានរយៈពេលមួយសប្តាហ៍ ក្នុងនោះ ទស្សកិច្ចខេត្តកែបរយៈពេល១ថ្ងៃ រួចបន្តទៅខេត្តកំពតរយៈពេល២ថ្ងៃ និងខេត្តព្រះសីហនុរយៈពេល៤ថ្ងៃ។
ស្របជាមួយគ្នានោះ ប្រតិភូក្លឹបនិងកីឡាករ នឹងចូលរួមផ្សព្វផ្សាយទេសចរណ៍ជំរុញទេសចរណ៍ នារដូវកាលបៃតងពីគោលដៅកម្សាន្តនីមួយៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ដើម្បីឆ្លុះបញ្ចាំងពីកិច្ចគាំទ្រពីក្លឹបបឹងកេត ជាពិសេសក្រុមកីឡាករដែលមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដែលនឹងជួយផ្សព្វផ្សាយជំរុញឱ្យមានកំណើនទេសចរមកកម្ពូជាជារួម និងមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសនៅតាមគោលដៅសហគមន៍។