ខេត្តកំពង់ស្ពឺ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) បានឱ្យដឹងថា នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដី ( ដ. ន. ស. ស.) ខេត្តកំពង់ស្ពឺ នឹងចុះវាស់វែងនិងផ្ទៀងផ្ទាត់ទីតាំងដីទំហំ ៥០០,០០១ ម៉ែត្រការ៉េ ដើម្បីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនរបស់បុរី ម៉ន ដានី គម្រោងទី២៩ ដែលបានបង់ប្រាក់គ្រប់ចំនួន ១០០ភាគរយ។ ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមចូលសាងសង់ផ្ទះជូនអតិថិជន និងឈានទៅទទួលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីម្ចាស់ដីដើមបន្តបន្ទាប់ទៀត រហូតគ្រប់ផែនការ១០០ហិកតា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លោក លោកស្រី ដែលនៅមិនទាន់ប្រគល់ឯកសាររណបពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិជូនក្រុមការងារ សូមយកឯកសារទាំងនោះទៅប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺចាប់ពីថ្ងៃជូនដំណឹងនេះ នៅរៀងរាល់ម៉ោងធ្វើការយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ជាការកត់សម្គាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលជាបន្តបន្ទាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ភាគីម្ចាស់ដីដើមបានប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក. ស. ០១១២៣៩ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ទំហំ ៥០០,០០១ ម៉ែត្រការ៉េ ជូនឱ្យក្រសួងដើម្បីចុះបញ្ជីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០ភាគរយ។ យ៉ាងណាចំពោះដំណើការដោះស្រាយបញ្ហាខាងលើនេះកំពុងប្រព្រឹត្តទៅជាប្រចាំ និងប្រកបដោយភាពវិជ្ជមាន ប៉ុន្តែត្រូវការពេលវេលាសមស្របដើម្បីក្រសួងអាចសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឈានទៅបញ្ចប់បញ្ហានេះដោយលទ្ធផលឈ្នះ ឈ្នះ៕