(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization – WTO)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សុន្ទរកថារបស់ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (តាមប្រព័ន្ធវីដេអូ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង-ស្ថាប័ន តំណាងអង្គការពាណិជ្ជកម្មពិភពលោក តំណាងអង្គការអន្តរជាតិ និងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៧៥០នាក់។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ, រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញជូនដល់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ