ភ្នំពេញ÷ អង្គការអុកស្វាម និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានរួមគ្នារៀបចំកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។
កិច្ចសន្ទនាថ្នាក់ជាតិនេះត្រូវបានធ្វើឡើងនៅក្នុងគោលបំណងចែករំលែកការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ និងពិភាក្សារកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព។
លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមមានប្រសាសន៍ថា កម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយ៉ាលពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។
លោកស្រីបន្តថា កម្មករប្រឈមដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សំភារៈ និងឧបករណ៍ការពារអោយបានត្រឹមត្រូវ។ កម្មករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ។
ជាមួយគ្នាផងដែរ លោកស្រី ស៊ិន ពុទ្ធារីនាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.)មានប្រសាសន៍ថា ក្នុងនាមជាអង្គការសមាជិកភាព ដែលមានសមាជិកទាំងអង្គការក្នុងស្រុក និងអង្គការបរទេស ចំនួន ១៨៦ ស្ថាប័ន អង្គការ គ.ស.ក. ធ្វើការក្នុងភាពជាដៃគូដើម្បីអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពនៃអង្គការសង្គមស៊ីវិល” ហើយការចូលចំណែកដល់ការអភិវឌ្ឍគោលនយោបាយកិច្ចគាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករ-និយោជិត ជាមួយរាជរដ្ឋាភិបាល គឺជាដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា កិច្ចសន្ទនានេះមានអ្នកចូលរួមប្រមាណ ១៣០ នាក់ មកពីស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនវិនិយោគ កម្មករ និងកសិករ ពាណិជ្ជករ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ៕