នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។
ចំពោះកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយបច្ចេកទេសនៅក្នុងវិស័យកសិកម្មដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំបញ្ចូនពូជស្រូវអាយុខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន ២ពូជ ដែលមានពូជស្រូវកង្រី និងពូជស្រូវស្រង៉ែថ្មី ដែលសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានប្រទេសគុយបា រួ មជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំងអ្នកបច្ចេកទេសកសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទក្នុងការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដេីម្បីឱ្យការងារនេះមានភាពងាយស្រួល ឆាប់រហ័ស៕