កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”
ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”
ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ មីនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍នេះនឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែប្រសើរឡើងសម្រាប់ជាតិមាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាពប្រកួតប្រជែងក្នុងវិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះកំណត់ការសម្រេចឱ្យបាននូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសាកល។ ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការដើម្បីសម្រេចឱ្យបាននូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕