មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ផន រឹម បានបញ្ជាក់ថា ក្នុងចំណោមរថយន្តអគ្គិសនី ២៣២៧គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការនេះដែរ ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។

ដោយឡែក លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន១៦៤៤គ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០% ខណៈដែលទោចក្រយានកើនឡើង ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥%។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសរថយន្តអគ្គិសនី។នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យខាងលើ៕


Leave a Reply

Your email address will not be published. Required fields are marked *