(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Liang Shaoxiong អភិបាលរងក្រុងយានហ្វូ (Yuanfu City) ខេត្តក្វាងទុង (Guangdong Province) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរ។

ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Liang Shaoxiong រួមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកដល់ទីស្ដីការក្រសួងពាណិជ្ជកម្ម ក៏ដូចជាបានមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងអំពីកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ “Diamond Hexagon” ដែលបានជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញនូវការរក្សាជំហរ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសចូលរួមលើកកម្ពស់ការវិនិយោគតាមបែបវិស័យកសិកម្មទំនើបបានកាន់តែច្រើន ចូលមកក្នុងប្រទេសកម្ពុជា៕


Leave a Reply

Your email address will not be published. Required fields are marked *